ទួនាទីសារព័ត៌មាន ក្នុងសង្គម

ដោយធ្លាប់បានអានពាក្យមួយចំនួនទាក់ ទងនឹងរឿងនេះ ហើយវាជាការពិតផង។ ដូច្នេះ​តោះ​ទៅ​ស្វែងយល់​ពី​សារព័ត៌មាន​ទាងអស់គ្នា។ ដោយលើកនេះ និយាយពីខាងសារព័ត៌មានពិតប្រាកដ មិនមែន​ជា​អ្នក​ធ្វើ​អោយ​តែ​បាន ចង់បានតែលុយ បំពុលសង្គមដូច ដែលហៅថា សារព័តមាន គ្មានសីលធម៌នោះទេ។

អំពីសារព័ត៌មាន

សារព័ត៌មាន ជាអ្នកផ្តល់ព័ត៌មាន។ ព័ត៌មាន គឺជារឿងហេតុដែលបានកើតឡើង។ ដូច្នេះរឿងហេតុកើតឡើង វា​មានរឿង​អាក្រក់ និងរឿងល្អ។ រឿងល្អ និងរឿងអាក្រក់ មានឥទ្ធិពលខុសគ្នាថែមទៀត ព្រោះ​ថា​រឿង​ល្អ​មិន​សូវ​ប្រជាប្រិយដូច​ រឿង​អាក្រក់ទេ។ រឿងល្អ អ្នកមើល អ្នកស្តាប់ហើយ ធម្មតា រីឯរឿងអាក្រក់ ធ្វើ​អោយ​មាន​ដិត​ដាម​​លើអារម្មណ៍អ្នកតាមដាន ច្រើនជាង ធ្វើអោយគេតាមដាន ឬអាចនឹងចែករំលែកបន្តទៀតផង។

ចុះខាងសារព័ត៌មាន តើអាចធ្វើអាជីវកម្ម បានយ៉ាងណា? ធ្វើមេចបានអាចចំនេញប្រាក់? ងាយ​ទេ​គឺ​ធ្វើ​យ៉ាង​ណា​មាន​​អ្នក​មើល មានអ្នកស្តាប់ មានអ្នកអានច្រើន។ អញ្ចឹងបើផ្សាយរឿងល្អ ម្លេះរកស៊ីមិនសូវបានទេ​ ហើយ​ក៏​ជា​រឿងធម្មតាទេដែល​គ្រប់សារព័ត៌មានទាំងអស់ ស្វែងរករឿងអាស្រូវ ចម្លែកៗ ឬគ្រោះថ្នាក់យកមក ផ្សព្វ​ផ្សាយ។

សម្តីក្នុងសៀវភៅ 100 Ways To Motivate បាននិយាយថា កម្មវិធីព័ត៌មាន គឺ​ធ្វើ​ឡើង​ដើម្បី​ពញ្ញាក់​ តាម​ដាន ឬធ្វើ​អោយអ្នកតាមដាន មិនសប្បាយចិត្ត។ ខាងសារព័ត៌មាន ត្រូវ​ខំ​ស្វែង​រកពត៌មានអាក្រក់ អោយ​ទាល់​តែបាន។ បើសិនជាមាន​រឿងត្រឹមតែ “ជិតលង់ទឹក” ក៏គេអាចយកមកធ្វើជាព័ត៌មានអាក្រក់បានដែរ។ ហើយ​ម្យ៉ាងវិញទៀត បើមានរឿងអាក្រក់​​ណាមួយហើយ គេនឹងយកមកផ្សព្វផ្សាយម្តងហើយ ម្តងទៀត ដដែល ហើយ​ផ្សាយ​អោយគ្រប់ជ្រុងជ្រោយ នៃរឿងអាក្រក់​នោះតែម្តង។

វីរុសកូរូណា ពីវូហាន

ជាក់ស្តែងក្នុងឆ្នាំ ២០២០ នេះរឿងវីរុស ក្នុងពពួក កូរ៉ូណា មកពីក្រុងវូហានប្រទេសចិន ដែលគេហៅថា 2019-nCov ពាក្យពេញ Novel Coronavirus ។ ប្រភេទ ក្រុមកូរ៉ូណា វាមានតាំងពី ផ្តាសសាយធម្មតា រហូត​ដល់​ធ្ងន់ ដូច​​ជំងឺ​សាដែលបានរាលដាលកាលអំឡុង ឆ្នាំ២០០២។ ហើយ Nova Coronavirus គឺគ្រាន់តែ​មិន​ធ្លាប់​មាន​ពីមុនមក ហើយ​អ្នកជម្ងឺដែលកើតបានស្លាប់។ យ៉ាងណាមិញអ្នកដែលបានស្លាប់នោះ សុទ្ធ​តែ​មាន​ជម្ងឺ​ប្រចាំខ្លួនស្រាប់ និងមានប្រព័ន្ធការពារ​រាងកាយខ្សោយជាងធម្មតា។ រីឯវិធីការពារគឺ … ការពារ​ផ្តា​សាយ​យ៉ាង​មេច គឺធ្វើអញ្ចឹង ហើយនឹងប្រុងប្រយ័ត្ន ពេលប៉ះពាល់សត្វ។

ក្នុងរឿងនេះ សារព័ត៌មាន ដើរតួរចំបងមួយ គឺផ្សព្វផ្សាយពីការការពារ ហើយក៏ដើរតួចំបង ក្នុង​ការ​​បំភ័យ​មនុស្ស​ដែរ។ ជា​ទូទៅរឿងបែបនេះកើតឡើង ជាធម្មតាតែងតែមានបង្ខាំងអ្នកដែលសង្ស័យថាមានជំងឺ និង​រា​រាំង​កុំ​អោយ​ឆ្លងច្រើនពេក។ តែមុនពេលដែលគេដឹងពីរឿង នេះអ្នកដែលអាចនឹងមានជំងឺ បាន​ធ្វើ​​ដំណើរ​ចេញ​ពី​ប្រទេស​ចិនរួចទៅហើយ។ ទោះជា​យ៉ាងណា ដូចដឹងស្រាប់ ព័ត៌មានផ្សាយទៅធ្វើអោយមនុស្សភ័យ ហើយ​អ្នក​ខ្លះក៏បានទៅជា យករឿងមិនពិតទៅ​ផ្សព្វ​ផ្សាយជាដើម។

ទួនាទីសារព័ត៌មាន

ដូចដែលយើងដឹងខាងដើម តែរឿងអាក្រក់ចេញមកហើយ សារព័ត៌មាន នឹងធ្វើយ៉ាងណា ផ្សាយ​ហើយ​ផ្សាយ​ទៀត បង្ហាញចេញគ្រប់ជ្រុងគ្រប់ជ្រោយទាំងអស់។​ អញ្ចឹងរឿងអីដែលអាចផ្សាយចេញបានរាល់ថ្ងៃ? គឺ​ចំនួន​មនុស្ស​ដែលឆ្លង និងស្លាប់។ គេធ្វើអោយរឿងមនុស្សដែលឆ្លង និងស្លាប់ជារឿងធំ។ គេ​ធ្វើ​អោយ​ការ​បិទ​ជើង​យន្តហោះ​ជារឿងធំ គឹធ្វើអោយ​មូលហេតុដែលកើតជំងឺជារឿងធំ។ ស្របពេលដែលវិធីការពារកុំអោយឆ្លង គឺ​ដូច​តែ​នឹងផ្តាសាយធម្មតាតែប៉ុណ្ណោះ។ ការផ្សព្វផ្សាយ ជាសិទ្ធរបស់សារព័ត៌មាន យើងជាអ្នកទទួលយក ត្រូវ​​ចេះត្រិះរិះពិចារណាខ្លះផង។

សារព័ត៌មាន និយាយពីចំនួនមនុស្សឆ្លង និងស្លាប់ គេថែមទាំងធ្វើជាតារាង ហើយមើលទៅ​ដូចជា​ធ្ងន់ធ្ងរ​ណាស់​។ មកទាល់ពេលនេះ​នៅចិនឆ្លងប្រហែលជិត ១០,០០០នាក់ និងស្លាប់ជាង ២០០នាក់ ហើយ​ប្រទេស​ដទៃ​មាន​ចំនួនអ្នកឆ្លងតិចតួច និងគ្មានអ្នកណាស្លាប់នោះទេ។ រីឯនៅកម្ពុជាវិញ អ្នកឆ្លងមានម្នាក់ គឺ​ជនជាតិ​ចិន​មក​ពី វូហាននោះតែម្តង។ គ្រួសារគាត់គ្នា ២ ៣នាក់ ឆ្លងតែគាត់មួយ រីឯប្រជាជនកម្ពុជា ព្រលឹង​ចេញ​ពី​ខ្លួន​បាត់​អស់​ហើយ ។ ខាងសារព័ត៌មានបានធ្វើអោយអ្នក យល់ថារឿង​នេះជារឿងធំ។ ប៉ុន្តែសូមបង្វែរមកវិញថា ទូទាំង​ពិភព​លោកអ្នកស្លាប់មានចំនួនជាង ៣០០០ នាក់ រាល់ថ្ងៃ! នេះគឺអ្នកស្លាប់​ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះស្របពេលអ្នកបារម្មណ៍ពី វីរុសពីវូហាននោះ ភាគរយដែលអ្នក​អាចស្លាប់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ច្រើនជាងទៅទៀត។ រីឯងអ្នកស្លាប់ ដោយសារតែបរិភោគច្រើនពេក ធ្វើអោយ​លើសគីឡូ ឡើងជាតិខ្លាញ់ ជាតិស្ក ក៏មិនតិចដែរ។

សូមត្រិះរិះពិចារណាឡើងវិញ សូមមេត្តាកុំមានការភិតភ័យដោសារតែការ​ទទួល​បានព័ត៌មានអោយសោះ។ អ្នកខ្លះ​តាំង​អួតខ្លួនថា ខ្លួនជាអ្នកអាន ព្រឹកៗឡើងតែងតែតាមដានព័ត៌មានជានិច្ច ស្របពេលដែលភាគច្រើន ព័ត៌មានដែលដឹងមក គឺ​បានត្រឹមតែដឹង គ្មានបានប្រយោជន៍អ្វីទាំងអស់។ ការបារម្មណ៍ ការភ័យខ្លាច គឹ​មិន​បាន​ផល​អីល្អមកលើខ្លួនយើងទេ វា​ជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។ ដូចរឿងកូរ៉ូណា អ្នកភ័យបារម្មណ៍ យ៉ាង​ច្រើន​ត្រឹមពាក់ម៉ាសនៅទីប្រជំជន និងអនាម័យ​តែប៉ុណ្ណោះ។ ចូរយកពេលដែលអ្នកអានព័ត៌មានមួយចំនួន មក​អាន​អ្វីដែលជាចំណេះដឹង ជាអនុសាសន៍ដែលអ្នកអាចយកទៅប្រើ​ក្នុងជីវិតបាន ដើម្បី​អោយ​ជីវិត​កាន់​តែ​ល្អប្រសើរជាងមុន។ អ្នកអាចទទួលដឹងព័ត៌មាន តែកុំធ្វើអោយវាជា​ផ្នែក​មួយសំខាន់ក្នុងជីវិតអ្នកអី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។