Skip to content

ចុះរឿង Marshall យ៉ាងមេចដែរ

រឿង Marshall ជាភាពយន្តដែលផ្អែកលើជីវិតពិត របស់លោក Marshall ដែលមានឈ្មោះពេញហៅថា Thurgood Marshall ជាមេធាវីមួយរូបក្នុងអ្គការ​ NAACP (The National Association for Advancement of the Colored People)។ បេសកកម្មរបស់លោកគឺ ជួយដោះស្រាយរឿងក្តីណា ដែលអយុត្តិធ៌មសម្រាប់ជនជាតិស្បែកខ្មៅ។ និយាយទៅ គឺទាក់ទងនឹងការចោតប្រកាន់ផ្សេងៗ លើជនជាតិ​ស្បែកខ្មៅ ដែលជាមនុស្សគ្មានទោសទាល់តែសោះ។

ហេតុអ្វីលោក Marshall ត្រូវធ្វើអ្វីដែលគាត់ធ្វើ

ក្នុងអំឡុងឆ្នាំដែលលោកបានរស់នៅ (ចាប់ឆ្នាំ ១៩០៨) ទោះបីជាសហរដ្ឋអាមេរិច មានច្បាប់ដែលគាំទ្រសិទ្ធិ​ស្មើរគ្នាសម្រាប់ជនជាតិស្បែកខ្មៅ ក៏ពួកគេនៅតែមានការរើសអើងជាច្រើន។ ការរើសអើងនេះ ក៏មានឈានទៅ​ដល់ការទំលាក់កំហុស លើឧក្រិដ្ឋកម្មផ្សេងៗ ដែលទាំងពួកគេមិនបានប្រព្រឹត្តទាល់តែសោះ។ លោកតាទួត របស់លោក ម៉ាសាល គឺជាទាសករម្នាក់ ហេតុដូចនេះ ស្របពេលដែលគាត់ជាមនុស្សដែលមានសិទ្ធសេរីភាព​ពេញលេញ គាត់មិនចង់ឃើញអ្នកណាម្នាក់ ទទួលការកាត់ក្តីដោយមិនស្មើរភាពគ្នានោះឡើយ។ នេះជាហើយ​ជាមូលហេតុដែលគាត់ធ្វើជាមេធាវី ដើម្បីការពារក្តីជនជាប់ចោតស្បែកខ្មៅដែលគ្មានកំហុស។

អំពីសាច់រឿងនេះ

ចូលមកដល់សាច់រឿងវិញ គាត់ត្រូវការពារក្តីអោយជនជាតិស្បែកខ្មៅម្នាក់ ដែលគេចោទប្រកាន់ថា បានចាប់​រំលោភ និងមានបំណងសម្លាប់នារីនោះ។ ក្នុងរឿងនេះលោកត្រូវធ្វើការជាមួយ មេធាវីម្នាក់ទៀតដែលមិនមាន​បទពិសោធន៍ការពារក្តីឧក្រិដ្ឋកម្ម ហើយជាជនជាតិជ្វីហ្វ គឺលោក ​Friedman។ ក្នុងការការពារក្តីនេះ ដោយ​សារតែរូបលោកជាជនជាតិស្បែកខ្មៅ (កថាបាន) ហើយមិនមែនធ្វើការក្នុងទីក្រុងដែលកើតរឿងក្តី ទើបលោក​ចៅក្រម សម្រេចអនុញ្ញាតិអោយលោកចូលរួមពេលកាត់ក្តី តែមិនអោយនិយាយអ្វីឡើយ ដូច្នេះការងារ និយាយ​ការពារកូនក្តីត្រូវធ្លាក់លើលោក Friedman ទាំងស្រុង។

រឿងនេះល្អមើលដោយសារ វាបានបង្ហាញពីការតស៊ូរបស់ជនជាតិស្បែកខ្មៅ ក្នុងការរើបម្រាស់ពីការជិះជាន់ និងមើលងាយរបស់ជនជាតិស្បែកស។​ ហើយវាបង្ហាញអោយឃើញពីទិទ្ធភាពតស៊ូ​ រឿងក្តីដ៏ស្វិតស្វាញ ដើម្បី​ទទួលបានលទ្ធផលចុងក្រោយមួយដោយស្របច្បាប់ និងគ្មានភាពលំអៀងទៅលើខាងណាឡើយ ទោះបីជា​ចៅក្រម និងអយ្យការ ជាជនជាតិស្បែកសក៏ដោយ។ អ្នកមើលរឿងនេះប្រកដជាមិនខកចិត្តឡើយ។

ព័ត៌មានរឿង៖ https://www.themoviedb.org/movie/392982-marshall

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *