ស្អែកជាថ្ងៃច័ន្ទ អានទៅហាក់ដូចជាឃ្លាមួយធម្មតា គ្មានអ្វីដែលអស្ចារ្យ ឬគួរអោយយកមកគិតនោះទេ។ ប៉ុន្តែអ្នកច្បាស់ជាគិតពីវា។ ស្អែកជាថ្ងៃច័ន្ទប្រហែលជាបានបំផ្លាញ ពេលវេលាដ៏ល្អជាច្រើន របស់មនុស្សមិនតិចនាក់នោះទេ។ ចុះអ្វីទៅដែលធ្វើអោយ ពាក្យមួយឃ្លានេះ មានមហិទ្ធីរិទ្ទយ៉ាងដូច្នេះ?
ត្រូវហើយគ្មានអ្នកណាក្រៅពីខ្លួនយើងនោះទេ ដែលធ្វើអោយ ស្អែកជាថ្ងៃច័ន្ទ មានឥទ្ធិពលយ៉ាងខ្លាំងនោះ។ បើអ្នកជាបុគ្គលិករបស់ក្រុមហ៊ុនណាមួយ អ្នកប្រហែលជាអាចនឹងគិតថា ស្អែកជាថ្ងៃច័ន្ទហើយ ពិតជាមិនចង់អោយថ្ងៃច័ន្ទមកដល់ទេ ព្រោះមានការងារជាច្រើនដែលត្រូវធ្វើ។ ត្រឹមការគិតរបស់អ្នកតែមួយភ្លែតនេះ ធ្វើអោយពេលវេលាដែលអ្នកកំពុងតែមាន ប្រែក្លាយទៅជាអួរអាប់។ អ្នកអាចកំពុងតែសប្បាយជាមួយមិត្តភ័ក្រឬគូរសង្សារ តែគ្រាន់តែគិតដល់នេះ វេលាដែលកំពុងតែសប្បាយនោះ ស្ទើរតែបាត់បង់អស់រលីង។
ហើយលើសពីនោះទៀត វាថែមទាំងមិនបានជួយអ្វីអ្នកថែមទៀតផង។ បានត្រឹមតែរំខានចិត្តតែបន្តិច រីឯការងារសម្រាប់ថ្ងៃច័ន្ទក៏នៅតែមាន មិនបានមានអ្វីធ្វើអោយការងារ មិនសូវមមាញឹកជាងមុន។ គិតទៅបាន មិនបានធ្វើអ្វីសោះ ហើយគ្មានប្រយោជន៍អ្វីសោះ បានត្រឹមតែរំខានជីវិតនេះឯង។ បើជ្រុលតែការងារនៅតែមានដដែល ហេតុអ្វីមិនតោងចិត្តនេះ កុំអោយគិតដល់ថ្ងៃច័ន្ទ ឬបើគិតគួរតោងគិតថា ថ្ងៃច័ន្ទមកដល់ ការងារច្បាស់ជាធ្វើបានសម្រេចជាមិនខាន។
ថ្ងៃច័ន្ទវាគ្មានអ្វីប្លែកពីថ្ងៃដទៃទែ រឿងដែលត្រូវនឹងកើតឡើង វានឹងកើតឡើង គួរត្រៀមការគិតរបស់អ្នក អោយមានភាពវិជ្ជមាន ត្រៀមខ្លួនរួចជាស្រេចមិនថាអ្វីកើតឡើងនោះទេ ថ្ងៃច័ន្ទគឺជាថ្ងៃដែលនឹងត្រូវកើតឡើង ការងារច្បាស់ជាមាន កិច្ចការរៀនសូត្រច្បាស់ជាមាន អ្វីដែលមិនទាន់ទទួលវាបាននោះគឹនៅក្នុងចិត្តនេះឯង។ ត្រៀមចិត្តអោយសប្បាយ ហើយរីកជាមួយនឹងអ្វីដែលអ្នកកំពុងធ្វើ នោះ “ស្អែកជាថ្ងៃច័ន្ទ” វានឹងមិនរំខានអ្នកនោះទេ។