សារព័ត៌មាន ដែខ្វះសុជីវធម៌

ដូចម្តេចដែលហៅថាព័ត៌មាន? ព័ត៌មានគឺជានាម ប្រែថា ប្រព្រឹត្តការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន។ ចុះក្នុង​ដំណើរណាមួយដែលបានជា ថាសារព័ត៌មាន ដែលខ្វះសុជីវធម៌? សារព័ត៌មាន គឺ ព័ត៌មានមានសារៈ គឺ​កាសែត​ដែល​ប្រាប់​ដំណឹងគួរអានគួរដឹង។ ប្រាប់ដំណឺងគួរអាន គួរដឹង យើងគួរតែចាំពាក្យនេះ។

សម័យបច្ចុប្បន្ន ក្នុងសង្គមយើង វិជ្ជាជីវៈព័ត៌មាន ក្លាយទៅជា ពាសវាលពាសកាល។ អ្នកផ្តល់ពត៌មានច្រើន​គគោក ពេញទិសតំបន់។ ហេតុអ្វី? អ្នកទាំងនោះ មានត្រឹមទូរស័ព្ទដៃស្មាតហ្វូនមួយ ក៏អាចក្លាយជាអ្នកយក ព័ត៌មានមួយដែរ។ ងាយស្រួលដល់ថ្នាក់នេះផង។ តែយ៉ាងណា វាក៏ដោយសារយើង អ្នកអាន អ្នកធម្មតានេះ​ចូលចិត្តអោយតម្លៃទៅលើព័ត៌មាន ពាសវាលពាសកាល ដូច្នេះរឿងខ្លះជារឿងឥតប្រយោជន៍ គ្មានន័យ ហើយ អាក្រក់បំផុតនោះ គឺមិនទាំងបានកើតឡើងផង ក៏ទៅជាព័ត៌មានបានដែរ។ គួរយល់ដឹងពីអ្វីដែលអ្នកអាន លើហ្វេសប៊ុកហើយគិតថាជាព័ត៌មាននោះ

អ្នកយកព័ត៌មាន មិនមែនអ្នកណាក៏ធ្វើបានទេ វាជាមុខជំនាញដែលទាមទារ ការរៀនសូត្រពីសាលា ទទួលបាន​ជោគជ័យមានការទទួលស្គាល់ត្រឹមត្រូវ។ សូមមេត្តាអោយតម្លៃទៅលើព័ត៌មាន ។ អ្វីដែលអ្នកឃើញលើ​ហ្វេសប៊ុកគេមិនហៅថាព័ត៌មានទេ។ វាគ្រាន់តែជាតំណរ ការចែករំលែក ការឆបោក ការបកស្រាយ ការយល់​ឃើញ ។ល។ តួរយ៉ាងដូចរឿងនេះ គ្រាន់តែគេផូសរកលុយ មួលបង្កាច់ប៉ូលីស ក៏យកថាជាព័ត៌មានដែរ។

រឿងគេសរសេរលើហ្វេសប៊ុក មិនមែនជាព័ត៌មាន

ធ្លាប់ឃើញរឿងជាច្រើន បានកើតឡើង មានគេសរសេរក្នុងហ្វេសប៊ុក។ ក៏មានវេបសាយខ្លះបានយករឿងនោះ ទៅសរសេរជាអត្ថបទ ចាត់ទុកថាជាព័ត៌មាន។ ឧទាហរណ៍ ខ្ញុំផូស​ថា “សោកស្តាយ ក្រោយពេលច្រើនឆ្នាំ​ហើយឆ្កែនៅតែស៊ីអាចម៍“។ គេឃើញគេយកទៅសរសេរលើវេបសាយគេ ដាក់ចំណងជើងថា “ពុទ្ធោ! ច្រើនឆ្នាំ​ហើយឆ្កែនៅតែធ្វើរឿងមួយនេះ” បើយើងអានទៅ គេថាឆ្កែស៊ីអាចម៍ ព្រោះខ្ញុំបានសរសេរដាក់ថាចឹង នៅលើ​ហ្វេសប៊ុក។

ឯងអត់ដឹងអីផង មកលើកឧទាហរណ៍ពីឆ្កែអីណា

ខ្ញុំសូមប្រកែកដាច់ខាត ថានោះមិនមែនជាព័ត៌មាន។ មូលហេតុ​នោះគឺ អ្នកដែលយកសរសេរជាអត្ថបទ មានប្រភពតែមួយគត់ គឺអ្នកផូសលើហ្វេសប៊ុក ហើយក្នុងឧទាហរណ៍នេះ គឺខ្ញុំ។ វាមិនអាចយកជាការបាន​ទេ​ បើសិនជាប្រភពមានតែមួយនោះ។ ព្រោះថា ខ្ញុំមិនអាចទុកចិត្តបាន។ ជួនកាលខ្ញុំអផ្សុកក៏ផូសលេង។ ពេល​ខ្លះខ្ញុំមានទំនាស់ជាមួយឆ្កែ ខ្ញុំក៏មួលបង្កាច់។ វាជាបណ្តាញសង្គម មិនមែនជាប្រព័ន្ធអប់រំអីទេ ខ្ញុំសរសេរយ៉ាង​ណាក៏បាន ចុះហេតុអីអ្នកគិតថាវាជាព័ត៌មាន?

រឿងអាចជាព័ត៌មាន ទាល់តែមានការផ្ទៀងផ្ទាត់

ព័ត៌មានទាមទារអោយមានការកើតឡើង។ ឧទាហរណ៍ ភ្លើងឆេះនៅ កន្លែងណាមួយ។ វាអាចជាព័ត៌មានបាន​ដោយសារមានមនុស្សជាច្រើនឃើញអណ្តាតភ្លើងឆេះ មានឡានទឹកទៅពន្លត់។ មានគេផូសថា “មានភ្លើងឆេះ នៅក្បែរផ្ទះខ្ញុំ” ។ យើងមិនអាចយករឿងនេះធ្វើជាព័ត៌មានបាន ព្រោះប្រភពមានតែមួយ ដូច្នេះសារព័ត៌មាន​ទាំងឡាយទាមទារអោយមានការខលសួរ ស្វែងរកកន្លែងដែលឆេះនោះ ដែម្បីផ្ទៀងផ្ទាត់។ បើខលទៅមាន​សាកស្សីច្រើនហា៊នទទួលស្គាល់មែន នោះទើបជាព័ត៌មាន។

ឃើញឆេះប៉ុណ្ណឹងហើយ មិនមែនព័ត៌មានមេចបាន

ឧទាហរណ៍ បន្តទៀតក្រោយពីភ្លើងឆេះដូចខាងលើ។ ស្រាប់តែមានបុរសម្នាក់សរសេរថា “ឆេះដោយសារមាន​ យួនលួចដុត”។ ឃើញបែបនេះ ដោយសារតែស្អប់យួនខ្លះផង ក៏ចេញជាអត្ថបទមួយទៀត ថាភ្លើងឆេះដោយ​សារយួនលួចដុត។ នេះ តាមអ្នកគិត គឺមិនមែនជាព័ត៌មាន ឬវាជាព័ត៌មាន ដែលគ្មានសុជីវធម៌។ ដូចដែលបាន​រៀបរាប់ វាត្រូវការ ការផ្ទៀងផ្ទាត់ មុននឹងអាចចេញជាព័ត៌មាន។ ហើយក៏មិនអាចយកវាទៅផ្សព្វផ្សាយហើយ តាំងសរសេរថាចាំអាជ្ញាធរ ធ្វើការបកស្រាយ។ នេះមិនមែនជាអ្វីដែលអ្នកយកព័ត៌មានគួរធ្វើទេ ព្រោះវាគ្មានការ ទទួលខុសត្រូវទាល់តែសោះ។

ដូច្នេះអ្នកដែលយកព័ត៌មានពិតប្រាកដ និង​ទាក់ទងបុរសនោះ ដើម្បីធ្វើការសាកសួរ។ បន្ទាប់​មក​អាច​នឹង​សាក​សួរ​មេឃុំ មេភូមិ ឬអាជ្ញាធរ នៅ តំបន់នោះ ដើម្បីអោយដឹងថាពិតជាមានយួនលួចដុតមែនឬអត់។ សួរចុះសួរ​ឡើងទៅក៏រកឃើញមូលហេតុទៀបសរសេរថា “ភ្លើងឆេះបណ្តាលមកពីម្ចាស់ធ្វេសប្រហេស បើកហ្គាសចោល” សូមពិនិត្យ​ចំណងជើង មិនគួរសរសេរថា “ភ្លើងឆេះបណ្តាលមកពីរឿងនេះបានកើតឡើង”។

ដូច្នេះបើអញអានអ្វីមួយលើហ្វេសប៊ុក ត្រូវដឹងថា វាមិនមែនជាព័ត៌មាននោះទេ បើគ្រាន់តែមានអ្នកណាមួយ​សរសេរចោល។ វាជាកាតព្វកិច្ចរបស់សារព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់ ជីកឬសរកអោយចេញជាព័ត៌មាន។ ដូច​សូមមេត្តាកុំជឿអ្វីជ្រុលពេក នៅលើហ្វេសប៊ុក។ រីឯអ្នកទាំងឡាយ ដែលប្រកាសខ្លួនជាសារព័ត៌មានហើយនោះ សូមមេត្តាធ្វើការ អោយចំជាអ្នកយកសារព័ត៌មាន “ប្រាប់ដំណឺងគួរអាន គួរដឹង” ។ រឿងដែលអ្នកណាម្នាក់ផូស​លើហ្វេសប៊ុក មិនមែនជា “ដំណឹងគួរអាន គួរដឹង” នោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។