ផ្លូវដើរ​៖ ភាពលោភលន់របស់មនុស្ស នៅសម័យ​ បច្ចុប្បន្ន

ជីវិតមនុស្សយើង មានហើយដើរទៅមុខមិនដូចគ្នាទេ​ តែក៏មានរឿងខ្លះស្រដៀងគ្នា។ រឿងដែលស្រដៀងគ្នា​នោះគឺភាពលោភលន់។ អ្នកខ្លះលោភតិច អ្នកខ្លះលោភច្រើន តែលោភនេះនៅតែមាន មិនថាអ្នកណា​ជា​អ្នកណា។ សម័យបច្ចុប្បន្ន ស្ទើរតែគ្រប់បរិបទទាំងអស់ បានបណ្តាលអោយមនុស្ស កាន់តែលោភ។ គ្រប់​របស់ប្រើប្រាស់ អ្នកផលិតចង់អោយអ្នកប្រើមើលឃើញពី ភាពឆើតឆាយ ហ៊ឺហា ជាជាងមុខងារប្រើប្រាស់។​ ដែលឃើញម៉ូតូអាសង់ណា មានអីប្លែកជាងមុនទេ តែខុសឆ្នាំខុសតែម ធ្វើអោយមនុស្សចង់បាន។

កុំវែងឆ្ងាយពេក​ បកមករឿងដែលទាក់ទងនឹងលោភវិញ។ ដីធ្លីដែលយើងរស់នៅ គឺជាទ្រពរបស់យើង។ តែ​ដីនោះក៏ជាភាពលោភលន់ដែរ។ និយាយពីរឿងមួយដែលទាក់ទងនឹងផ្លូវដើរ។ មានផ្ទះ ២ ជាប់គ្នា ផ្ទះមួយ​មានដីធំជាងផ្ទះមួយទៀត។ មុនដំបូងផ្ទះតាំង ២ ត្រូវរ៉ូវគ្នា មានផ្លូវដើមុខផ្ទះ។ ដល់ថ្ងៃមួយ មិនដឹងជាកល អីកើឡើងបានកើតជាជម្លោះរឿងដី ផ្ទះដែលតូចនោះបែទៅជា ពង្រីកដីរបស់ខ្លួន លុបផ្លូវដើរនោះចោល។ ផ្ទះ​ទាំងពីរនោះក៏លែងត្រូវគ្នា ក្លាយជាសត្រូវគុំគួនគ្នាទៅវិញ។

អស់លោកអ្នកសាកពិចារណាទៅមើល តើនេះ​មិនមែនជាលោភឬយ៉ាងណា? ដីផ្លូវដើរយ៉ាងច្រើនមួយម៉ែតចុះ តើពង្រីកទៅបានអ្វីមកវិញ? តើដំណាំអី ឬ​រកស៊ីអ្វលើ់ដីនោះបានផលជាទីគាប់ចិត្តយ៉ាងណា បណ្តោយអោយ​បាត់សន្តិភាពជាមួយអ្នកជិតខាងទៅវិញ? ដីត្រឹមតែមួយម៉ែត តើវានាំក្តីសុខជាងការដែល រស់នៅសុខសប្បាយ​ជាមួយអ្នកជិតខាង ឬយ៉ាងណា? តើដីមួយម៉ែតនោះ បានជួយពេលអ្នកមានទុក្ខធុរៈបាងណា?​ តើដីមួយម៉ែត នោះបានអោយអ្នករីកចម្រើនខ្លាំងប៉ុណ្ណា? ចម្លើយប្រាកដជាគ្មានទេ។

មិនដឹងមូលហេតុអី ខ្មែរយើងហាក់ដូចជា មានទំនាក់ទំនងអីពិសេសជាមួយនឹងដីនេះ។ ព្រោះបើសង្កេតមើល​ទៅគ្រប់ៗគ្នាហាក់ដូចជាស្រលាញ់ដីខ្លាំងណាស់។ ឥលូវយើងឃើញមាន ជម្លោះច្រើនរឿងដី ដូចដែលរឿង​ពាត់យកដីផ្លូវដើរនោះជាដើម។ មានមួយទៀតរឿងដីឡូត៍។ ឈូសឆាយដី កាប់ដើមឈើ លប់ដីធម្មជាតិ ក្លាយ​ជាដីសស្គុះ រួចដាក់ផ្លាកថាតំបន់អភិវឌ្ឍ ដីមាស។ តើមាសឯណា បើក្តៅហួតហែងដីហុយថ្គួលយ៉ាងដូច្នេះ។ ខ្ញុំ​មិនជំទាស់អីទេ នេះគ្រាន់តែជាគំនិតមួយប៉ុណ្ណោះ។ ប្រហែលអនាគតទៅ អ្នកផងគ្រប់គ្នាទៅនៅទីនោះ សង់​ជាផ្ទះជាសម្បែង ឬក៏បានត្រឹមជាដីទទេសម្រាប់លក់តគ្នានោះឯង។

ឥលូវមកនិយាយរឿងប្រទេសជាតិ។ មនុស្សភាគច្រើនហាក់ដូចជាស្តាយដី កេរ្តិ៍ដូនតា កាលពីសម័យអង្គរ។ គិតថាដីប្រទេសយើងឥលូវនៅតូចពេក។ ចង់បានដីកម្ពុជាក្រោម ដីខ្មែរលើ ដីកោះត្រល់។ រឿងមួយដែលគួរ​អោយហួសចិត្តគឺយើងស្តាយតែដី រីឯរឿងហេតុដែលនាំអោយបាត់បង់ដីនោះ ដូចជាមិនសូវខ្វាយខ្វល់។ ស្តាយ​ដីតែដីទាំងនោះយកមកវិញដើម្បីអី? យកមកដើម្បីមានគ្នាច្រើនស្រួលឈ្លោះគ្នាជាងមុនឬយ៉ាងណា? បើស្តាយ​ដីដល់ម្លឹង ម្តេចមិនខំប្រឹង កាប់ឆ្កាដីដែលទំនេរៗ ជំវិញផ្ទះនោះផងទៅ? ដាំដំណាំ​បន្លែ​បង្កា​កាត់​បន្ថយ​ចំណាយ។ រឿងដែលរសើបជាងគេ គឺដាំស្លឹកគ្រៃអីនេះឯង ម្លេះប្រហែលមិននាំគ្នាត្អូញត្អែថា នាំស្លឹកគ្រៃចូលពី យួនទេ។

រឿងនេះប្រហែលជារសើបបន្តិចហើយ តែគួរតែសរសេរចេញ។ តែយ៉ាងណាកុំភ្លេចរឿងផ្លូវដើរ។ ចង់និយាយ​យ៉ាងខ្លីថា គួរតែកុំលោភលន់ហួសហេតុ។ អ្វីដែលបានមក ហាក់ដូចជាមិនបានចម្រុងចម្រើនអីណាស់ណាទេ ដូចជាផ្លូវដើរនេះឯង។ បើទុកទៅ គ្រាន់បានអ្នកផងធ្វើដំណើរឆ្លងកាត់ កើតជាទំនាក់ទំនងល្អ ទាំងអ្នកជិតខាង​ទាំងអ្នកភូមិ។ ដល់ពេល ពាត់របងយកបាត់ទៅ អ្នកជាប់របងក៏មិនរាប់ រីឯអ្នកផងក៏មិនសូវត្រូវគ្នា។ រីឯដីបាន​មកមានទំហំត្រឹមតែមួយម៉េត មិនបានទៅផ្តល់ប្រយោជន៍អីប៉ុន្មាន យ៉ាងច្រើនបានត្រឹមសង់ផ្នូរខ្មោចមួយពីរ​ណឹង​ឯង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។