Skip to content

អ្វីទៅជាសភាពដើម នៃជីវិតមនុស្ស

សភាពដើមនៃជីវិតមនុស្ស បើធៀបទៅ គឺវាដូចជាភាពដើមនៃភពផែនដីនេះឯង។ សាកល្បងគិតបន្តិចទៅ​ ថាតើភពផែនដីយើងដើមតំបូងរបស់វាគឺយ៉ាងមេច។ ប្រហែលជាគិតត្រូវហើយ ផែនដីយើងក្នុងភាពដើម​របស់វាគឺងងឹតសូន្យស្លុង។ កាលណាមានតែផែនដី គ្មានអ្វីមកបំភ្លឺ គឺវាគ្មានពន្លឺនោះទេ។ កាលណាមាន​មានព្រះអាទិត្យ ទើបយើងមានពន្លឺ។​ កាលណាព្រះអាទិត្យលេចបាត់ទៅ ក៏ក្លាយជាងងឹត។ យើងក៏តាំង យកឈើគូសមកអុច ក៏ភ្លឺបន្តិច។ រួចដល់ទៅអុជចង្កៀងទៅ ក៏វាភ្លឺជាងមុនបន្តិចទៀត។ ហើយដល់សម័យ​ឥលូវដល់វាទំនើបទៅ យើងប្រើអំពូលអគ្គិសនី វាក៏ធ្វើអោយផែនដីយើងកាន់តែភ្លឺទៀតទៅ។ ភាពងងឹត​របស់ផែនដីនេះ បើប្រៀបធៀបនឹងភាពដើមនៃយើងវិញ គឹសេចក្តីទុក្ខនេះឯង។

ក្តីទុក្ខ និងសុខ មិនដើរទន្ទឹមគ្នា

សភាពដើមដំបូងនៃជីវិតមនុស្ស មិនមែនជាសេចក្តីសុខទេ ផ្ទុយទៅវិញគឺសេចក្តីទុក្ខ។ សេចក្តីទុក្ខជា​ឬសគល់​ ឬហៅថាជាមូលដ្ឋាននៃជីវិត រីឯសេចក្តីសុខវិញគឺចាគោលដៅ ដែលជីវិតមនុស្សត្រាច់ចរទៅរក។ ព្រះពុទ្ធជា​ម្ចាស់ក៏បានសំដែងដែរថា រឿងរ៉ាវរបស់មនុស្សគឺ សង្សារទុក្ខ បានន័យថាយើងត្រាច់ទៅនៅក្នុងទុក្ខ។ ហើយ​ព្រះអង្គក៏បានសម្តែងដល់សង្ខារ រាងកាយរបស់មនុស្សថា ទុក្ខក្ខន្ធ ប្រែថា គំនរទុក្ខ។ នេះបានន័យថា ជីវិត​យើងរាល់គ្នាកើតមក គឺធ្លាក់ក្នុងគំនរទុក្ខដោយធម្មជាតិ។

កាលវេលា ដែលយើងជួបប្រទះនូវសេចក្តីសុខខ្លះៗនោះ គឹដោយសារតែយើងអាចលេងសើចសប្បាយបានខ្លះ ដោយសារតែវាជាសមត្ថភាពរបស់យើង គឺយើងចេះរំលត់ទុក្ខបានក្នុងពេលខ្លះៗតែប៉ុណ្ណោះ។ នេះបង្ហាញថា ជីវិតរបស់យើងគ្រប់គ្នា គឺជាតស៊ូជាមួយទុក្ខ។ បើកាលណាយើងមិនតស៊ូទេ ជីវិតយើងនឹងនៅតែក្នុង សភាព​ដើម គឺវាពោរពេញដោយទុក្ខនេះឯង។ ដូចព្រះអាទិត្យ​ដែរ​ វាភ្លឺបានប៉ុណ្ណអាស្រ័យលើការបំភ្លឺ ដូច្នេះជិវិតយើង បានសុខប៉ុណ្ណា គឺអាស្រ័យលើអំពើរបស់យើងណឹងហើយ។ យើងអាចមានសមត្ថភាព កំចាត់​សេចក្តីទុក្ខ​បាន​ប៉ុន្មាន នោះយើ​ង​នឹង​ទទួល​បាន​សេចក្តីសុខប៉ុននោះ។

ដូច្នេះហើយក្នុងជីវិតរបស់យើង ការកំចាត់សេចក្តីទុក្ខ និងការសាងសុខគឺវាតែមួយ។ នៅពេលដែលយើង ធ្វើកិច្ចការឡើងដើម្បីបំបាត់ក្តីទុក្ខ យើងថែមទាំងបានសេចក្តីសុខមកជាមួយថែមទៀតផង។ វាដូចជាភព​ផែនដីដែលងងឹតអញ្ចឹង។ កាលណាយើងអុជទៀនបំភ្លឹ វាបំបាត់ទាំងភាពងងឹតផង វាបានទាំងពន្លឺមក​បំភ្លឺ​យើងផង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *