Skip to content

អ្វីទៅជា កំពូលប្រាថ្នា របស់យើងទាំងអស់គ្នា

តាមធម្មតា ចិត្តរបស់យើង តែងតែមានការនឹកគិត មានសេចក្តីត្រូវការជានិច្ច។ ចលនានៃចិត្តយើង អាចពោលថាធ្វើឡើងទៅតាមសេចក្តីត្រូវជានិច្ច។ សេចក្តីត្រូវការដែលយើងគ្រប់គ្នាមាន ដូចជាត្រូវការដេក, ត្រូវការក្រោក, ត្រូវការទទួលទាន, ត្រូវការអាន ល​… គឺជាចលនានៃចិត្តដែលយើងមានស្រាប់។ ហើយបើសរុបទៅ ខណៈនេះ ចិត្តរបស់យើង គឺធ្វើចលនាឡើងទៅតាមត្រូវការរបស់យើង។

តែពេលខ្លះអ្នកអាចប្រកែកថា ទេនៅពេលនេះខ្លួនពុំមានត្រូវការអ្វីទៀតទេ អង្គុយលេង បណ្តែតអារម្មណ៍សប្បាយៗ ព្រោះអាហារក៏បានទទួលទៀន ទឹកក៏បានផឹក ។ល។ ហើយបើមានគេសួរថាមានត្រូវការអីទៀតទេ ក៏ឈ្លើយថា ទេអត់មានត្រូវការអីទៀតទេ។ តាមពិតការដែលតបនេះ គឺទាញយកអាការៈខាងក្រៅនៃចិត្តមកតបតែប៉ុណ្ណោះ។ បើពិនិត្យមើលចិត្ត អោយម៉តចត់ទៅឃើញថា ចិត្តរបស់អ្នកត្រូវការភាពស្ងៀមស្ងាត់ មិនមានអ្នកណាមករំខានរករឿង សួរនេះសួរនោះ។

ដូច្នេះបើអង្កេតអោយដិតដល់មែនទេនឃើញថា ចិត្តរបស់យើងរមែងមានតម្រូវការជាប់ជានិច្ច។ ដរាបណាយើងនៅរស់រាន យើងមានចិត្ត នោះយើងនៅមានសេចក្តីត្រូវការជាប់ជានិច្ច។ សេចក្តីត្រូវការនេះ យើងអាចនិយាយជាទូទៅថាជា​ សេចក្តីប្រាថ្នា។ មនុស្សយើងមានចិត្តផ្សេងៗគ្នា ដូច្នេះសេចក្តីប្រាថ្នាក៏មានផ្សេងៗគ្នាដែរ ដូចជាប្រាថា្នទៅដើរលេងមើល គេមើលឯង ប្រាថ្នាមើលកុន ប្រាថ្នាផឹកស៊ីជប់លៀង ។ល។ តែសេចក្តីប្រាថ្នាទាំងអស់នេះឯង សម្រេចយកគោលដៅតែ​មួយគត់គឺ សេចក្តីសុខ។

ម្តាយប្រលែងលេងជាមួយកូន ដើម្បីសេចក្តីសុខ

សេចក្តីសុខ ជាកំពូលប្រាថ្នារបស់មនុស្សគ្រប់រូប។ ពាក្យមួយឃ្លានេះមិនអាចជំទាស់បានទេ ដោយសារតែ រាល់ សេចក្តីប្រាថ្នា ចំនុចចុងក្រោយរបស់វាគឺជាក្តីសុខតែមួយគត់ គ្មានអ្វីបន្ទាប់ពីក្តីសុខនេះទៀតទេ។ អ្នកប្រាថ្នាអង្គុយ ក៏អង្គុយអោយបានសុខ ប្រាថ្នាទទួលទាន ក៏ទទួលទានដោយសុខ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ត្រូវមានសុខជាមួយដែរ។ អ្នកខ្លះ អាចគិតថា បុគ្គលណាមួយប្រាថ្នាក្តីទុកដាក់ខ្លួន ដូចជាការឈ្លោះទាស់ទែង វាយដំច្រំធាក់គ្នា។ បើអ្នកមើលទៅគិតថា បុគ្គលនៅរកក្តីទុក្ខដាក់ខ្លួន តែបើអ្នកស្វែងយល់អោយមែនទែនទៅ អ្នកទាំងនោះ ឈ្លោះទាស់ទែង វាយដំ គឺសុទ្ធតែ ប្រាថ្នាសេចក្តីសុក្ខទាំងអស់។ ការជេរគេនោះគឺដើម្បីខ្លួនបាសុខ រីឯវាយដំលើអ្នកដ៏ទៃនោះក៏ដើម្បីខ្លួនឯងបានសុខដែរ។

តាមការដែលរ៉ាយរ៉ាប់នេះ អ្នកឃើញថារាល់សេចក្តីប្រាថ្នារបស់មនុស្ស នៅទីបំផុតគឺក្តីសុខនេះហើយ។ សេចក្តីសុខនេះ គឹក្នុងន័យរសនិយម គឺសុខសម្រាប់ខ្លួនឯង។ អ្នកធ្វើការហូរញើសក៏ចង់បានសុខ អ្នកកម្ជឹលអាំងផេះក៏ចង់បានសុខ។ ប៉ូលីសដែលដេញចាប់ចោរវិញ លោកប៉ូលីសដេញចាប់ គឺដើម្បីបានសុខខ្លួនឯង សុខពេលចាប់ចោរបាន។ ឯចោរវិញខំប្រឹង​រត់ត្រដាបត្រដួសនោះក៏ចង់បានសុខ គឺសុខបានរត់ផុតពីប៉ូលីស។ ដូច្នេះហើយបានជាយើងទទួលយកថា កំពូលប្រាថ្នារបស់ មនុស្សលោកគ្រប់គ្នា គឺសេចក្តីសុខនេះឯងហើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *