Skip to content

គួរ​ប្រយ័ត្ន​ក្នុង​ការ​ទទួល​យក ព័ត៌មាន​លើ​ហ្វេសប៊ុក

វាជាការពិត​ សម្រាប់មនុស្សជាច្រើន​ ដែល​បាន​ចាត់ទុកហ្វេសប៊ុក​ជាប្រភព័ត៌មាន។ ខ្ញុំធ្លាប់​បានអាន​ឃ្លា​មួយ ដែលគេនិយាយថា​ “ហ្វេសប៊ុកគឺជាប្រភពព័ត៌មាន ពិតប្រាកដ​តែមួយ​គត់​នៅកម្ពុជា”។ អ្នកគិតបន្តិច​ អ្នកនឹង​ដឹង​ថា មួយឃ្លានេះគឺប្រើក្នុងអំឡុងពេលបោះឆ្នោត ដោយសារតែគណបក្សកាន់អំណាច គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងស្រុង។ ប៉ុន្តែអ្នកក៏ត្រូវដឹងថា មិនមែនអោយតែសំដីដែលប្រឆាំងនឹង អ្នកកាន់អំណាច គឺជាការពិតទាំងស្រុងនោះទេ។ លើសពីនេះ ពាក្យមួយឃ្លានេះ បែរជាគ្រោះថ្នាក់ទៅវិញ បើសិនបើអ្នកធ្វើតាមមែននោះ។

ចាប់តាំងពីមានហ្វេសប៊ុក ចំនួនប្រជាជនកម្ពុជាដែលប្រើប្រាស់ កាន់តែកើនឡើង។ យោងទៅតាមវេបសាយ Napoleoncat.com ចំនួនគណនីក្នុងហ្វេសប៊ុកគឺ ជាង ៧ លានអ្នក។ ប៉ុន្តែយើងអាចនិយាយថា យ៉ាងតិច ២លានគណនី ជាប្រភេទដែលមិនបានការ ជាគណនីក្លែងក្លាយ ឬមិនប្រើប្រាស់។ ហើយមនុស្សជាច្រើន​អ្នក មានមិត្តក្នុង​បញ្ជី​របស់ខ្លួន ជាមិត្តដែល​មិន​ធ្លាប់​ស្គាល់ពីមុន ហើយជាច្រើនអ្នក មានគណីក្លែងក្លាយក្នុងបញ្ជី​មិត្ត។

គណនីក្លែងក្លាយ ងាយក្នុងការចែកចាយព័ត៌មានក្លែងក្លាយ

គណនីក្លែងក្លាយទាំងនេះ អនុញ្ញាតអោយ អ្នកដែលប្រើប្រាស់វា អាចធ្វើអ្វីផ្សេងៗ ដោយមិនក្លាច​ក្រែង​ ដោយសារ​វាផ្តល់អោយអ្នកប្រើប្រាស់ទាំងនោះ ភាពអនាមិក។ យើងមិនអាចស្គាល់ថា អ្នកណាជាអ្នក​នៅ​ពីក្រោយ​គណនីទាំងនោះទេ។ គេអាច​ប្រើគណនី​ទាំងនោះ​ដើម្បី​ ចែកចាយព័ត៌មានមិនពិត ដើម្បីជាផល​ប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ​មុននឹងអ្នកទទួល​យក​ ព័ត៌មាន​ណាមួយ​នៅលើ​ហ្វេសប៊ុក អ្នកគួរតែសួរ​ខ្លួន ឯងសិនថា តើអ្នកណាអ្នកចែកចាយព័ត៌មាននោះ?​ តើគណនីដែលចែកចាយ​ នោះពិត ឬក្លែងក្លាយ?

ការអានព័ត៌មានសម័យអ៊ីនធើណែត

អានព័ត៌មាន មិនត្រឹមតែអានចំណងជើង

មិនដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុកគិតយ៉ាងណា ពេលដែលអានអ្វីមួយតែចំណងជើង ហើយតាំងចែក​រំលែក​ពេញណឹង ទាំងមិនដឹងច្បាស់ថាគេនិយាយពីអ្វី។ នេះជាប្រាការដែលគួរជៀសវាងបំផុត ដោយសារតែ​ការធ្វើ​បែបនេះ វាហាក់ដូចជាយើងព្រមផ្តល់អនុភាពទាំងឡាយលើព័ត៌មាន ពេកហើយ។ ដូច្នេះ​គេ​ចង់​សរសេរ​អ្វីក៏បាន ហើយ​ដាក់តែចំណងជើងច្រលំបន្តិចទៅរួចជាស្រេច។ ឧទាហរណ៍ ពេល​ដែល​គេ​សរសេរ​ព័ត៌មាន​មួយ​ ដែលនិយាយ​អំពីផ្លូវ។ ក្នុងអត្ថបទគេនិយាយចប់សព្វគ្រប់អំពីដែលរដ្ឋាភិបាលនិយាយថា អាកាសធាតុ ដូចជាភ្លៀងរួមចំនែក​ក្នុងការធ្វើអោយផ្លូវខូច។ សូមអ្នកពិនិត្យមើលពាក្យថា រួមចំនែក។ ពាក្យនេះបានន័យថា ភ្លៀងមិនបាននាំ​អោយខូចផ្លូវទាំងស្រុងនោះទេ។ ប៉ុន្តែដល់ចំណងជើងគេសរសេរថា ភ្លៀង​ជា​មូលហេតុ​នាំអោយខូចផ្លូវថ្នល់ ដល់ទៅអានឃើញចឹងហើយ នាំគ្នាចែករំលែក អត់បានអានទាំងស្រុងផង នាំអោយទទួលព័ត៌មានខុសបាត់។ អញ្ចឹងធ្វើអោយអ្នកអានទៅជាល្ងីល្ងើរ មិនដឹងរឿងបាត់ហើយ។ ដូច្នេះសូមមេត្តា អានអត្ថបទព័ត៌មានអោយ បានពេញលេញច្បាស់លាស់ផង ទើបយើងអាចយកព័ត៌មាននោះទៅពិចារណាតទៅទៀត។

ប្រើចំណេះដឹង វិភាគមើលព័ត៌មាន

ហេតុអីបានត្រូវវិភាគ? ព័ត៌មានគឺល្អសម្រាប់យើងទទួលដឹង តែវាមិនល្អទេបើព័ត៌មាននោះមិនពិត មិនត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់។ ដូច្នេះហើយបានជាយើងត្រូវដឹងថា តើអ្នកចែករំលែកព័ត៌មានជាអ្នកណា។ ដូចខាង​លើ កាលណាគណនីយក្លែងក្លាយ ព័ត៌មានដែលចែកចាយអាចមិនពិត។ ដោយសារគេចែកចាយមានចេតនា​ ញុះញុងលើប្រធានបទណាមួយដើម្បីផលប្រយោជន៍របស់គេ។ ឬម្យ៉ាងទៀត គេចេះតែចែករំលែកទៅ ដើម្បី​បានអ្នកមើលច្រើន ដើម្បីអាចរកលុយបានតែប៉ុណ្ណោះ។ ចុងក្រោយបើអាច យើងគួរពិចារណាអោយច្បាស់ មុនទទួលយកព័ត៌មាន។ ព័ត៌មានខ្លះ មានតែលើវេបសាយមិនត្រឹមត្រូវ ជាវេបសាយជាលក្ខណៈបោកប្រាស់ ចង់បានតែអ្នកមើលដើម្បីបានលុយ។ ទោះបីអ្នកចែករំលែកគ្មានចេតនាអាក្រក់ ក៏អ្នកចែកនោះក៏ត្រូវបានគេ​បោកប្រាស់ដែរ។ ដូច្នេះគឺចែករំលែកអោយគេបោកតៗគ្នានោះឯង

សរុបមក ព័ត៌មានខ្លះអាចបង្កជាភាពអវិជ្ជាទៅវិញ បើយើងអានដោយគ្មានការយកចិត្ត​ទុកដាក់ ក៏ដូចជា​អានហើយមិនបានពិចារណារ រកមើលហេតុផល និងអំនះអំណាងផ្សេងៗ។ យើងមិនអាចទុកចិត្តទាំងស្រុង ទៅលើព័ត៌មានបានទេ ព្រោះថាសារព័ត៌មានជាច្រើន ធ្វើឡើងដើម្បីតែលុយ គ្មានសុជីវធ៌ម វិជ្ជាជីវៈក្នុងខ្លួនទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *