ដំណោះស្រាយ បច្ចេកវិទ្យា មិនអាចស្រាយបញ្ហាស្នូល នៃវិបត្តិថាមពលឡើយ

ដំណោះស្រាយ បច្ចេកវិទ្យា មិនអាចស្រាយបញ្ហាស្នូល នៃវិបត្តិថាមពលឡើយ ។ បន្ថែមលើផលប៉ះពាល់អវិជ្ជមានទាំងអស់ ដែលបានលើកឡើងក្នុងអត្ថបទមុន ប្រភពថាមពលជំនួស មានគុណវិបត្តិដ៏សំខាន់មួយទៀតគឹ វាមិនបានដោះស្រាយបញ្ហាស្នូល នៃវិបត្តិថាមពលឡើយ ពោលគឺ តម្រូវការថាមពលដ៏ខ្ពស់របស់យើង។ ផ្ទុយទៅវិញ ពួកវាគ្រាន់តែផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យា ឬវិធីនៃការផលិតថាមពលកាន់តែច្រើន ឬបង្កើនប្រសិទ្ធភាពថាមពល។ និយាយម៉្យាងវិញទៀត ពួកវាមានគោលបំណងក្នុងការ ព្យាបាលរោគសញ្ញា មិនមែនជំងឺនោះទេ។

ហើយសូម្បីតែអ្វីមួយ ដែលមើលទៅដូចជាមានភាពសម​ស្រប ដូចជាការកែលម្អប្រសិទ្ធភាពថាមពល ក៏មានផលប៉ះពាល់អវិជ្ជមានដែរ ព្រោះវាអាចនាំឱ្យមានតម្រូវការថាមពលកាន់តែខ្ពស់ជាងមុន។

បាតុភូតនេះគឺដោយសារតែ ជេវិនផារ៉ាដក់ (Jevons Paradox) ដែលត្រូវបានគេដាក់ឈ្មោះតាមសេដ្ឋវិទូ វិល្លៀម ស្ទេនលី ជេវិន។ នៅឆ្នាំ ១៨៦៥ លោកបានពិនិត្យមើលថា តើការប្រើប្រាស់ធ្យូងថ្មរបស់ប្រទេសមួយ ទទួលឥទ្ធិពលយ៉ាងណាពី ម៉ាស៊ីនចំហាយដែលកាន់តែមានប្រសិទ្ធភាព ឆ្នៃប្រឌិតដោយ ជេមស៍ វ៉ាត់។ គាត់បានរកឃើញថាទោះបីជាដំបូង ការបង្កើតថ្មីបានបង្កើនប្រសិទ្ធភាពថាមពលទាំងមូល ដោយសារវាបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម តែក្នុងរយៈពេលយូរ វាបានជួយធ្វើឱ្យម៉ាស៊ីនចំហាយមានតំលៃថោកសមរម្យ និងពេញនិយម ដូច្នេះការប្រើប្រាស់ធ្យូងថ្មបែរជាកើនឡើង។

ការបង្កើនប្រសិទ្ធភាព នៃឧបករណ៍និងគ្រឿងម៉ាស៊ីនទំនើប នឹងធ្វើឱ្យថាមពលមានតម្លៃថោក ដូច្នេះវាបង្កើនតម្រូវការសម្រាប់ថាមពល ហើយក៏នាំយើងត្រឡប់ទៅកន្លែងដើមគឺ ការប្រើប្រាស់ថាមពលខ្ពស់ និងការផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់។

ដោយគិតពីចំណុចទាំងអស់នេះ ហេតុអ្វីបានជាយើងនៅតែចង់រកដំណោះស្រាយ សម្រាប់ផលិតកម្មថាមពល ជាជាងសម្រាប់ការកាត់បន្ថយថាមពល?

ពីព្រោះអស់រយៈពេលជាយូរមកហើយ សេដ្ឋកិច្ចរបស់យើងត្រូវបានគ្របដណ្ដប់ ដោយអាកប្បកិរិយាដែលហៅថា ផលិតនិយម ដែលជាចម្បងឱ្យតម្លៃទៅលើ អ្វីដែលត្រូវបានផលិត និងអ្នកដែលផលិតវា។ ដូច្នេះផលិតនិយម រារាំងទឹកចិត្តយើងមិនអោយ ស្វែងរកដំណោះស្រាយកាត់បន្ថយថាមពល ដូចជាការបង្កើតសហគមន៍ ដែលអាចដើរបានងាយស្រួល ឬការធ្វើដំណើរដោយកង់។ ដំណោះស្រាយបែបនេះ មិនបង្កើតផលិតផលអ្វីថ្មីនោះទេ ដែលខុសពីរោងចក្រផលិតទួរប៊ីនខ្យល់ជាដើម។ គំនិតកាត់បន្ថយថាមពល ជាធម្មតាមិនអាចត្រូវបានធ្វើប៉ាតង់ និងធ្វើពាណិជ្ជកម្មទេ ហេតុដូចនេះមិនអាចផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។